ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អង្គារ៍ ៩ កើត ខែ អស្សុជ ឆ្នាំ មមី អដ្ឋស័ក ពុទ្ទសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី ២០ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជួបសំណេះសំណាល និងរៀបចំអាហារជូនដល់កុមារមានពិការភាពភ្នែក គថ្លង់ និងកុមារកំព្រា ប្រមាណជា ៥០០នាក់ នៅទីតាំងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលសិស្សានុសិស្សទាំងអស់នោះ បានរស់នៅក្នុង និងធ្វើដំណើរមកពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាស្ថានជាតិអប់រំពិសេស និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សាមានពិការភាពភ្នែក គថ្លង់ និងកុមារកំព្រា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ការមកជួបសំណេះសំណាលនេះ គឺដើម្បីសួរសុខទុក្ខសិស្សមានពិការភាព គថ្លង់ និងកុមារកំព្រា ក៏ដូចជារៀបចំនូវអាហារសាមគ្គី នៅក្នុងឱកាសអភិមង្គលដ៏នក្ខត្តឫក្សឧត្តុងឧត្តម នៃខួបចម្រើនជន្មាយុគម្រប់ ៤៩ឆ្នាំ (២០តុលា១៩៧៧-២០តុលា ២០២៦) ឈានចូល៥០ឆ្នាំ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ។
ក្នុងវេលានោះដែរ ក្រៅពីអាហារសាមគ្គី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដល់នូវគ្រឿងឧបភោគបរិភោគមួយចំនួនដល់សាលាទាំង៣កន្លែង និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី រួមមានអង្ករចំនួន ៥០០គីឡូក្រាម, ទឹកក្រូច, ទឹកសុទ្ធ, ត្រីខ, សាប៊ូលាងដៃ, សាប៊ូកក់សក់, សាប៊ូដុសខ្លួន និងថវិកាមួយចំនួនបន្ថែមទៀត ។ ជាមួយនេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់ថវិកា និងសម្ភារមួយចំនួនដល់លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សទាំងជាង ៥០០នាក់ផងដែរ ។ អ្នកគ្រូ នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាកបាទក្រហមកម្ពុជា តមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ ចំពោះកុមារកំព្រា កុមារមានពិការភាព និងគថ្លង់ តាមរយៈសកម្មភាពដ៏ល្អប្រពៃ ដែលជាប្រចាំឆ្នាំមានការជួបសំណេះសំណាល ការរៀបចំអាហារសាមគ្គី ការផ្ដល់ជំនួយផ្សេងៗ ជាពិសេសការបង្កើតសាលាអប់រំពិសេស ដើម្បីបង្រៀនដល់កុមារទាំងអស់នោះ ឲ្យមានចំណេះដឹង និងអាចរស់នៅបានសមរម្យ ដូចប្រជាពលរដ្ឋផ្សេងៗ ។ អ្នកគ្រូបានបន្តថា សកម្មភាពជួយដល់កុមារទាំងអស់នោះ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត មិនមែនធ្វើម្ដង ឬពីរដងនោះទេ ព្រោះតែក្តីអាណិតអាសូរ គឺថ្នាក់ដឹកនាំបានធ្វើជាប្រចាំ ជាមួយនឹងការជំរុញដល់ក្រសួងអប់រំ និងលោកគ្រូ អ្នកគ្រូ នៃសាលាអប់រំពិសេស ត្រូវយកចិត្តទុកដាក់ថែទាំ និងបង្រៀនកុមារដែលមានបញ្ហាទាំងនោះ ដោយធ្វើយ៉ាងណាកុំឲ្យពួកគេបាក់ទឹកចិត្ត ។
គួរបញ្ជាក់ថា នៅកម្ពុជាមានវិទ្យាល័យអប់រំពិសេសចំនួន៥ ដែលស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះមានវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាល័យអប់រំពិសេសបាត់ដំបង វិទ្យាល័យអប់រំពិសេសសៀមរាប និងវិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលសរុបសិស្សពិការភ្នែក គថ្លង់ ខ្សោយសតិបញ្ញា និងអូទីស្សឹម មានជិត២០០០នាក់ ៕
























