លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក” !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អាទិត្យ ១៣ រោច ខែ អស្សុជ ឆ្នាំ មមី អដ្ឋស័ក ពុទ្ទសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ (G-L) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ថ្លែងប្រសាសន៍ចាប់ផ្តើមពិធី លោកជំទាវបណ្ឌិត បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែលបានរៀបចំឱ្យមានពិព័រណ៍ដ៏មានអត្ថន័យនេះឡើង ក្នុងគោលបំណងគាំទ្រផលិតផលក្នុងស្រុក ចូលរួមផ្សព្វផ្សាយ លើកទឹកចិត្តផលិតករខ្មែរ និងលើកកម្ពស់គុណភាពផលិតផលខ្មែរផងដែរ។ បន្ថែមពីនេះ ពិព័រណ៍នេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ និងបង្ហាញថា ខ្មែរធ្វើបាន ខ្មែរអាចផលិតបាននូវផលិតផលល្អ ប្រកបដោយគុណភាពខ្ពស់ ខ្មែរអាចបង្កើតនូវទំនុកចិត្ត ស្លាកយីហោផ្ទាល់ខ្លួន និងមានសមត្ថភាពចូលរួមប្រកួតប្រជែងយ៉ាងពិតប្រាកដ។
ជាការបញ្ជាក់បន្ត លោកជំទាវបណ្ឌិត មានប្រសាសន៍ថា នៅពេលដែលប្រជាពលរដ្ឋខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាកម្លាំងជំរុញឱ្យអ្នកផលិតកាន់តែខិតខំប្រឹងប្រែងផលិតនូវផលិតផលដែលមានគុណភាពល្អ សុវត្ថិភាពខ្ពស់ អនាម័យល្អ ការវេចខ្ចប់ល្អប្រណិត មានភាពទាក់ទាញ ហើយមានតម្លៃសមរម្យ ដោយធានាលើទំនុកចិត្តអ្នកប្រើប្រាស់ជាចម្បង។
មុននឹងបញ្ចប់ លោកជំទាវបណ្ឌិត បានចែករំលែកនូវសំណូមពរ និងការអំពាវនាវមួយចំនួនដូចខាងក្រោម៖
១.សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមទស្សនាពិព័រណ៍ឱ្យបានច្រើនកុះករ ជួយទិញ ជួយប្រើ ជួយផ្សព្វផ្សាយ និងជួយណែនាំ
២.សូមសហគ្រាស សហគ្រិន និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យអតិថិជនជ្រើសរើសផលិតផលខ្លួន ព្រោះតែតម្លៃសមរម្យ គុណភាព សុវត្ថិភាព និងទំនុកចិត្ត
៣.សូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយសម្រួលដល់សហគ្រាស សហគ្រិន រួមទាំងផលិតករ ដើម្បីឱ្យគាត់មានឱកាសលើកកម្ពស់ស្តង់ដារផលិតផលឱ្យត្រឹមត្រូវ និងកាន់តែរីកចម្រើនជាលំដាប់
៤.សូមឱ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បន្តពិព័រណ៍នេះ ហើយសូមឱ្យពិព័រណ៍នេះក្លាយជាវេទិកាសម្រាប់ការតភ្ជាប់រវាងអ្នកលក់និងអ្នកទិញ រវាងទីផ្សារជាតិនិងទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ ហើយដែល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិព័រណ៍ផលិតផលខ្មែរ ដោយកាលពីលើកទី១ ពិព័រណ៍នេះទទួលបានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិតណាស់ ពិព័រណ៍នេះ មិនត្រឹមតែជាការដាក់តាំងផ្សាយនូវផលិតផលខ្មែរប៉ុណ្ណោះទេ តែគឺជាការលើកទឹកចិត្ត គឺជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកប្រើប្រាស់ ជាពិសេសគឺជាការបង្ហាញយ៉ាងច្បាស់នូវសមត្ថភាពកូនខ្មែរ មោទនភាពខ្មែរចំពោះអ្វីដែលខ្មែរធ្វើបាន៕




ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.bmy-news.com/
























